អំពីប្រុសពៅ

សួស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំបាទឈ្មោះពៅ (ពៅមិនមែនជាឈ្មោះពិតរបស់ខ្ញុំទេ ការ​ដែល​ខ្ញុំ​​ហៅខ្លួនឯង​បែប​នេះគឺព្រោះតែខ្ញុំជាកូនពៅគេ ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​បំផុត​ព្រោះ​អ្នក​ម៉ាក់​​តែង​តែហៅខ្ញុំកូនពៅសំណប់ចិត្តពេលខ្ញុំនៅតូច) ខ្ញុំកើតកំឡុងដើមឆ្នាំ ១៩៩០ ខ្ញុំ​មិន​បាន​កើត​ក្នុង​​ទឹកដី​ខ្មែរ​ដែលជាដើមកំណើតសាច់ឈាមខ្ញុំឡើយ តែ​ខ្ញុំ​បាន​ចាប់​កំណើត​ឡើង​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​​ព្រំ​ដែន​​ខ្មែរ-​ថៃ។ អ្នកម៉ាក់ធ្លាប់ប្រាប់ថាពេលខ្ញុំអាយុបាន ១​ខួប​គាត់​បាន​នាំ​ខ្ញុំ​មក​ចាប់​ដី​រស់​នៅស្រុក​ខ្មែរ​វិញ តែខ្ញុំមិនបានចាំអ្វីទេ អ្វីដែលខ្ញុំចាំគឺខ្ញុំរស់នៅក្នុងខ្ទមស្លឹក​មួយជាមួយគ្រួសារខ្ញុំ ហើយ​ប៉ាគាត់​ទៅ​ធ្វើការនៅភ្នំពេញ។ ពេលអាយុបាន ៥ឆ្នាំខ្ញុំត្រូវបានប៉ាយកមករៀននៅភ្នំពេញ សាលាដែលខ្ញុំបាន​ចូលដំបូងបង្អស់ឈ្មោះថា បឋមសិក្សារទួលគោក បានត្រឹមថ្នាក់ទី ៥ ខ្ញុំ​ត្រូវ​ផ្លាស់​ទី​លំ​នៅ​ទៅ​រស់​នៅ​​ឯ​ស្រុកខាងម៉ាក់។ ពេលបញ្ចប់ថ្នាក់បឋមសិក្សារ ខ្ញុំ​បាន​ផ្លាស់​មក​រស់​នៅ​ឯ​ភ្នំពេញ​វិញ​ហើយ​បានចូលរៀននៅឯវិទ្យាល័យ ជម្ពូវ័ន (រាល់ថ្ងៃគេកែប្រែថាហ៊ុនសែនជម្ពូវ័ន)។ ឆ្នាំ ២០០៨ ខ្ញុំបាន​ប្រលងចប់ថ្នាក់មធ្យមសិក្សារទុតិយភូមិ ហើយ​បាន​បន្ត​ការ​សិក្សារ​ជំនាញ​ក្នុង​សកល​វិទ្យាល័យ​មួយ​ក្នុងទីក្រុងភ្នំពេញ ហើយក៏ជាអ្វីដែលខ្ញុំចាប់ផ្តើមការចង់ដឹង ចង់យល់អំពីខ្លួនខ្ញុំ អ្វី​ដែល​ខ្ញុំចង់​និយាយគឺខ្ញុំជាបុរសខ្ទើយម្នាក់ដែលធ្លាប់តែរស់នៅក្រោមការលាក់បាំងអារម្មណ៏ មិន​ហាន​​បញ្ចេញ​​អោយអ្នកណាដឹងពីមុនមកទេ ប៉ុន្តែពេលនេះមិនមែនដូចមុនទេ ខ្ញុំ​អាច​ចែក​រំលែក​ដល់​អ្នក​​ទាំង​​អស់​គ្នា​ពីអារម្មណ៏ និង​ការស្រមើល​ស្រម៉ៃ​របស់ខ្ញុំតាមរយះប្លកប្រុសពៅ69។ 

ខ្ញុំមិនមានជំនាញអ្វីខាងនិពន្ធទេ ប៉ុន្តែ​ដោយ​ការ​លើក​ទឹក​ចិត្ត​ពីសំណាក់មិត្តក្នុង Facebook មួយ​ចំនួន​ដែល​បានធ្លាប់បានអានរឿងខ្លីរបស់ខ្ញុំ ហើយ​ពូកគាត់បានជំរុញខ្ញុំអោយបង្កើតប្លកមួយនេះ ដើម្បីបានចែករំលែកចំនេះដឹង បទពិសោធន៏ ពត៌មាន អ្វី​ដែល​ទាក់​ទង​ជា​មួយ​ក្រុម​បុរស​ស្រលាញ់​បុរស។  ដោយសារតែខ្ញុំជាមនុស្សដែរមិនសូវមានចំនេះដឹងខាងសរសេរ​និង​និពន្ធ ​ដូច្នេះ​ចំពោះ ​រឿង​​របស់​​​ខ្ញុំ​អាច​មាន​ការ​ខ្វះ​ខាត​ច្រើន ដូច្នេះខ្ញុំសូមប្រិយមិត្តអាចផ្តល់ជា មិតិរិះគន់ កែប្រែ ដំ​បូន្មាន​ដល់​​រូប​​ខ្ញុំ​​បាទផង​។

ជាចុងក្រោយខ្ញុំសង្ឃឹមថា ប្រិយមិត្តជួយគាំទ្រ និងលើកតំកើនអោយតំលៃចំពោះក្រុមមនុស្ស​ស្រលាញ់​ភេទដូចគ្នា ជាពិសេសក្រុមបុរសស្រលាញ់បុរសដូចជារូបខ្ញុំបាទ ក៏ដូចជាមិត្តមួយចំនួន​ទៀតដែរ។ ខ្ញុំនឹងព្យាយាមស្វែងរកនឹករឿងកំសាន្តដើម្បីបំរើជួនប្រិយមិត្តទាំងអស់គ្នា អោយអស់ពី​កំលាំង​កាយ​​​ កំលាំងចិត្ត។


សូមអរគុណ
ពីប្រុសពៅ
អ្នកនិពន្ធអត់ជំនាញ ចេះតែសរសេរអោយរួចតែពីដៃ