Saturday, May 17, 2014

សំនេរខូច​ចិត្ត!

​ថ្ងៃនេះ​សុំ​សរសេរ​សំនេរខូច​ចិត្ត​មួយ​សំរាប់អ្នកទាំងអស់​គ្នា! សុំ​សួរ​អ្នកទាំងអស់គ្នា​មួយ​សំនួរ​ណា? ប្រ​សិន​បើ​មនុស្ស​ដែល​អ្នកកំពុង​មាន​ចិត្ត​ស្រលាញ់​សួរ​អ្នកថា​ តើ​អ្នក​ខូច​ចិត្ត​ទេ​ពេល​ដែល​គេ​ចង់​ទៅ​ជួប​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​មនុស្ស​ដែល​ស្គាល់​ស្និត​ដែរនោះ? ខ្ញុំ​បានត្រឹម​តែឆ្លើយ​ថា​មិនប្រាប់​ទេ​ តែ​បេះដូង​ថ្លើម​ប្រម៉ាត់​​ស្ទើ​រ​តែ​ឈប់​ដើរ​ទៅ​ហើយ​ អារម្មណ៏​មនុស្ស​ខូច​ចិត្ត​​រោល​រាល​ពេញ​រាង្គកាយ​ ការ​ឈឺ​ចាប់​ដូច​ត្រូវ​កាំ​បិត​គេ​ចាក់​ចូល​ដើម​ទ្រូង​ឈឺ​អួល​ខ្លោចផ្សារ​ហាស្តី​មិនរួច។



ភាព​ចុក​ចាប់​របស់​វា​គឺ​ខ្លាំង​ណាស់​ ដំណើរ​ឈឺចាប់​ពី​ដើម​ទ្រូង​ឈ្ពោះ​ទៅ​កាន់​គ្រប់​កន្លែងនៃ​សារពាង្គ​កាយ​ ​ចុងសក់ ចុង​ដៃ ចុងជើង ឈឺ​ពឺត ព្រឹរសម្បុរ ទឹក​ភ្នែក​ហូរ​មក​ច្រោកឃាត់​មិន​ឈ្នះ។ គិតៗទៅ​ខ្ញុំ​នេះ​ដូច​ជា​មនុស្ស​ឆ្គួត​ណាស់ ​ ទាំង​ភ្លេចគិត​ថា​គេ​សុំ​លប់​ភាព​សង្សារ​ហើយ​បែរ​មក​ត្រឹម​ជាមិត្ត​រួច​ហើយ​ក្តី តែ​អារម្មណ៏​ស្រលាញ់​មិនរលាយ​ដូច​សន្យា ខំ​​ធ្វើ​មិនខ្វល់ទង្វើរ​របស់​គេ​ ​ខំ​ធ្វើ​មិន​ដឹង​នូវ​អ្វី​ដែល​កំពុងកើត​ ខំ​មិនទទួល​ស្គាល់​ការពិត។ តែ​មនុស្ស​គិត​មិន​ដូច​ព្រហ្ម​លិខិត​ចារ​ ថ្ងៃណា​មួយ​អ្វី​ដែល​យើង​ខំ​ព្យាយាម​គេចវេច​វា​គង់​តែ​មក​ដល់  គ្រាន់​តែ​ថា​យើង​អាច​ទទួល​យក​វា​ដោយ​របៀប​ណា។ សំរាប់​មនុស្ស​គ្មាន​ជំរើស​គ្មាន​សិទ្ធ​ដូច​ខ្ញុំ​បាន​ត្រឹ​ម​តែ​សុំ​លួច​យំម្នាក់​ឯង​បាន​ហើយ​ ព្រោះ​យើង​មិន​ជា​សេចក្តី​សុខ​របស់​អ្នកដ៏ទៃទេ  ហើយ​វា​ជា​មេរៀន​ដដែល​ៗសំរាប់​មនុស្ស​បរា​ជ័យ​ដូចខ្ញុំ​ដែល​ព្យាយាម​យក​អ្នក​ដ៏ទៃ​មក​ទុកជា​សេចក្តី​សុខ​របស់​ខ្លួន។ ភ្លេច​គិត​ថា​គេ​ក៏​មាន​បេះដូង​គេ​ គេជា​ម្ចាស់​រូបកាយ​ចិត្ត​គំនិតគេ មិនយើង​ទេ គេ​ចង់ជួប​ គេ​ចង់មាន​អ្វី​ជា​មួយ​អ្នក​ណា​ជារឿង​របស់គេ ព្យាយា​ម​ប្រាប់​ខ្លួន​ឯង​ដូច្នេះ​ តែ​នៅ​តែ​មិនអាចទទួល​យកបាន កាន់​តែព្យាយាម​បដិសេធ បេះដូង​កាន់​តែញាប់ ការឈឺចាប់​ពី​ស្នូរ​បេះ​ដូង​ម្តងៗ ដូច​មាន​បន្លាកំពុង​ជាប់​ក្នុង​ទ្រូង ដង្ហើម​មិនស្មើរ​ ទឹក​ភ្នែក​ហូរ​មិនល្ហែរ។ កម្មខ្ញុំ​ដែល​នៅ​តែ​ព្យា​យាម​លួច​ស្រលាញ់​គេ​ ទាំង​បេះ​ដូង​គេ​លួច​លុប​រូប​យើង​ចោល​ម្តងបន្តិចៗ​រួច​ទៅ​ហើយ  គំនិត​ខ្លី​ដែល​លួច​លេចចេញ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​គឺអោយ​ខ្ញុំ​បញ្ចប់​ជីវិត​ឥត​ន័យ​នេះ​ចោល តែ​គំនិត​ស្រលាញ់គ្រួសារ​មក​រារ​រាំង។ ខ្ញុំ​ស្រលាញ់គេ​ងប់​ពេក​ បាន​ជា​រាល់​ទង្វើ​រ​របស់​គេ​ធ្វើ​អោយ​ចិត្ត​របស់ខ្ញុំ​ងាយស្រួល​មាន​របួស​យ៉ាង​នេះ ​ ខ្ញុំ​ព្យាយាម​មិនគិត​មិនខ្វល់​តែ​រូប​គេ​តែង​​តែ​​លេច​ក្នុង​ក្តី​ស្រម៉ៃ​របស់​ខ្ញុំ​ជា​និច្ច។ ពេល​នោះ​បើ​ខ្ញុំ​ប្រាប់គេ​ថា​ខ្ញុំ​ខូច​ចិត្ត​ណាស់ ខ្ញុំ​ពិ​បាក​ចិត្ត​ណាស់ តើ​សម្តី​ទាំងនេះ​អាច​បញ្ឃប់គេ​បាន​ទេ? ចុះ​បើ​គេ​ឈប់​តើ​ខ្ញុំ​ជា​មនុស្ស​ដែល​បំផ្លាញសេច​ក្តី​សុខ​របស់​គេ​ទេ? ដូច​ខ្ញុំ​និយាយ​ចឹង​ ខ្ញុំ​មិន​មែន​ក្តី​សុខ​របស់​គេ​ទេ គេ​មានសិទ្ធ​ជ្រើសក្តី​សុខ​របស់គេ​ផ្ទាល់​ គេ​មាន​សិទ្ធ​ធ្វើ​អ្វី​ដែល​បេះដូង​ចិត្តគំនិត​គេ​ចង់​ធ្វើ ហើយ​មនុស្ស​បរាជ័យ​ដូច​ខ្ញុំ​មាន​សិទ្ធ​អ្វី​ទៅ ហាម​ឃាត់ចិត្តគេ ដូច្ចេះចំលើយ​របស់​ខ្ញុំ​ទៅ​កាន់គេ​គឺ "​ខ្ញុំ​មិន​ប្រាប់ទេ" ទោះ​គេ​គិត​ថាខ្ញុំ​មិន​ខ្វល់ពីគេ ទោះគេ​គិត​ថា​ខ្ញុំ​លែង​មានចិត្ត​លើ​គេ​ក៏​ដោយ​ចុះ។ ​​ តែ​អ្វី​ដែល​ខ្ញុំ​ធ្វើគឺ​ផ្តល់​សេរីភាពការសំរេចចិត្ត​ដល់គេ កុំ​ព្រោះតែខ្ញុំ​អាចក្លាយជា​ឧបសគ្គ​សំរាប់​គេ ខ្ញុំ​ចង់​អោយ​គេ​សប្បាយចិត្ត​ ទោះ​បី​ខ្ញុំ​អង្គុយ​ចុក​ទ្រូង​មើល​ស្នាម​ញញឹម​គេ​ក៏​ដោយ។ មនុស្ស​បរាជ័យ​​ដូច​ខ្ញុំ​ទោះ​មាន​មនុស្ស​នៅ​ជិត​តាម​កែ​ប្រែ​យ៉ាង​ណា​ក៏​នៅ​តែជា​មនុស្ស​គ្មាន​កំណើត​ដដែល។

សំនេរ​សម្រក់ទឹក​ភ្នែក​ សរសេរហើយ​ខ្ញុំ​ធូរចិត្ត​!
សុំ​អរគុណសំរាប់ការ​ចំណាយ​ពេលវេលាដ៏​មាន​តំលៃ​របស់​អ្នកអានទាំងអស់គ្នា។